ស្រីណាមិនយំ ស្រី​ណា​មិន​ស្រណោះ ​ស្រី​ណា​មិន​ចង់​បាន​កិត្តិយស?​

ដោយ ឆាយ សុផល

ភ្នំពេញ (៥វិច្ឆិកា ២០១២)៖ “ជាតិនេះ ខ្ញុំស្អប់ម្ដាយក្មេកខ្ញុំជាទីបំផុត។ នៅពេលដែល ខ្ញុំរលូតកូនធ្លាក់ឈាមខ្លាំង ប្ដីរបស់ខ្ញុំបានពឹងគាត់ឲ្យជួយជូនទៅពេទ្យ តែគាត់ បែរជា ធ្វើព្រងើយ ដោយនិយាយថា អញរវល់តភាគ” នេះជា សំដីម៉ាត់ៗ របស់ ស្ត្រីវ័យ ក្មេង ម្នាក់ ដែលចាកចេញពីស្រុកកំណើតមកប្រកបរបរចិញ្ចឹមជីវិតក្រោមភ្លើងពណ៌នា ពេលរាត្រីក្នុងរាជធានីភ្នំពេញ។

ស្រី ណែត អង្គុយកំដរភ្ញៀវនៅក្នុងភោជនីយដ្ឋានបៀរហ្គាឌិន មួយក្នុងរាជធានីភ្នំពេញ។

ស្ថិតក្នុងវ័យ ២៦ ឆ្នាំ ស្រី ណែត ជាកូន កំព្រា ឪពុកម្ដាយ កាលពីនាង នៅតូច ហើយសព្វថ្ងៃ នាង បានជួល បន្ទប់ មួយ រស់នៅ ជា មួយ ប្អូនស្រីអាយុ ១៤ ឆ្នាំ ដែលកំពុង រៀន នៅ ក្នុង អនុវិទ្យាល័យ ទួលទំពូង ២ ។

កាលពីនាងអាយុបាន ១៣ ឆ្នាំ ជាអកុសល ឪពុកម្ដាយ របស់ នាង ត្រូវបានចោរ ប្លន់ បាញ់ សម្លាប់ ក្នុង ខេត្ត សៀមរាប ខណៈពេល ដែលពួកគាត់កំពុងជិះរថយន្តដឹកត្រីងៀត និងប្រហុកយកមកលក់នៅភ្នំពេញ។

ការបាត់បង់ឪពុកម្ដាយបានធ្វើឲ្យនាងនិងប្អូនស្រីតូចរស់នៅតែលតោលជាមួយជីដូនជរា ដោយនាងដើរទូលចេកចៀនលក់តាមដងផ្លូវក្នុងខេត្តសៀមរាប ដើម្បីបានប្រាក់ ចិញ្ចឹមក្រពះ ដែលធ្វើឲ្យនាងឈប់រៀននៅត្រឹមថ្នាក់ទី៦។

និយាយបណ្ដើរយកក្រដាសជូតទឹកភ្នែកបណ្ដើរ ស្រី ណែត បាននិយាយមួយៗថា “ដោយសារតែខ្ញុំមិនបានរៀនសូត្រនេះហើយ ទើបខ្ញុំធ្លាក់ខ្លួនបែបនេះ។ មួយយប់ៗ ខ្ញុំអង្គុយកំដរភ្ញៀវ ប្រឹងផឹកស្រា ដើម្បីបានលុយធីបខ្លះយកមកចិញ្ចឹមប្អូន និងផ្គត់ផ្គង់វាឲ្យបានរៀនសូត្រខ្ពង់ខ្ពស់នឹងគេ គឺកុំឲ្យដូចខ្ញុំ”។

នៅពេលរំលឹករឿងអតីតកាល ស្រី ណែត បានស្រក់ទឹកភ្នែកនឹក អាឡោះ អាល័យ ជីវិត ដែលធ្លាប់បានរស់នៅក្នុងភាពកក់ក្ដៅជាមួយឪពុកម្ដាយ ហើយនៅវ័យ ១៨ ឆ្នាំ នាងបានទៅធ្វើការជាអ្នករត់តុក្នុងភោជនីយដ្ឋានមួយនៅក្នុងក្រុងសៀមរាប។

នាងបាននិយាយថា គ្រាន់តែធ្វើការបានពីរបីថ្ងៃ ក៏មានបុរសម្នាក់កូនកាត់ចិនរស់នៅ ខេត្តសៀមរាបដែរបានចាប់ចិត្តស្រឡាញ់នាង ហើយបានសុំនាងធ្វើជាប្រពន្ធ ដោយ បានរៀបការតាមប្រពៃណី។

បើតាមសំដីរបស់នាងបានឲ្យដឹងថា បងប្អូននិងម្ដាយខាងប្រុសមិនពេញ ចិត្តនាង ឡើយ ដោយពួកគេគិតថា នាងជាក្មេងត្រសែតអណ្ដែតគ្មានទ្រព្យសម្បត្តិ ដែល ទី បំផុត អស់រយៈពេលជាងមួយឆ្នាំក្រោយមក ប្ដីប្រពន្ធវ័យក្មេងមួយគូនេះ បានចែក ផ្លូវគ្នា។

ស្រ្តីៗវ័យក្មេងរាំលើឆាកកំដរភ្ញៀវនៅក្នុងភោជនីយដ្ឋានបៀរ ហ្គាឌិន មួយក្នុងរាជធានីភ្នំពេញ។

ជាស្រ្តីមេម៉ាយវ័យក្មេង ដោយគ្មានទីពឹង ស្រី ណែត ក៏បានសម្រេច ចិត្តមករាជធានីជា មួយជីដូន និងប្អូនស្រី តាម ការបបួលពីមិត្ត ភ័ក្ដិ។ នៅក្នុងរាជធានី ដោយមានរូបឆោម ស្រស់ល្មម នាងត្រូវបាន ម្ចាស់ភោជនីយដ្ឋាន បៀរហ្គា ឌិនមួយ យល់ ព្រមឲ្យធ្វើការ ហើយ ក្រោយមក ម្ចាស់ ភោជនីយដ្ឋានបានឲ្យនាងច្រៀងនិងរាំលើឆាក។

ជីវិតការងារក្រោមភ្លើងពណ៌ភ្លឹបភ្លែតៗទៅតាមចង្វាក់បទភ្លេង ពោរពេញដោយ គ្រឿងស្រវឹង ខណៈដែលប្រាក់ខែគ្រប់ល្មមតែបង់ថ្លៃជួលបន្ទប់ និងបង់ភ្លើង នាងក៏ សុខចិត្តអង្គុយកំដរភ្ញៀវប្រុសៗបន្ថែម ហើយផឹកស្ទើររាល់យប់ ដើម្បីបានប្រាក់ធីប ខ្លះមកចិញ្ចឹមជីដូននិងប្អូនស្រី។

ដើម្បីទាក់ទាញកែវភ្នែករបស់ភ្ញៀវប្រុសៗ ស្រី ណែត មិនខុសពីស្រ្តីអង្គុយកំដរភ្ញៀវ ផ្សេងៗទៀតដែរបានស្លៀកពាក់ខ្លីៗបែបសិចស៊ី។ ពេលខ្លះក៏មានបរុសវ័យក្មេង មួយ ចំនួនមិនពេញចិត្តនាងដែរ ព្រោះពួកគេគិតថា វ័យជាង ២០ ឆ្នាំ គឺដូចជាចាស់បន្តិច។

ថ្ងៃមួយមានកំលោះវិស្វករម្នាក់មានក្ដីអាណិតនិងស្រឡាញ់នាង ហើយក៏បានសុំនាង ជាធ្វើដៃគូជីវិត តែក្ដីអាណិតនិងស្រឡាញ់របស់បុរសនោះបានរលាយបាត់សូន្យ នៅ ប្រមាណជាងមួយឆ្នាំក្រោយមក ដោយបុរសនោះបានរៀបការជាមួយនារីផ្សេង។

បើទោះជានាងមានសាច់ញាតិដែលជាបងបងប្អូនខាងឪពុកម្ដាយរស់នៅក្នុងរាជធានីក៏ដោយ ក៏នាងបាននិយាយថា ពួកគេមិនអាចពឹងពាក់បានឡើយ ហើយក្រោយមក ជីដូនរបស់នាងក៏បានស្លាប់ចោលទៀត។

ដោយការសិក្សាមិនបានខ្ពង់ខ្ពស់ និងមិនមានការផ្ដល់ប្រឹក្សាយោបល់ពីសាច់ ញាតិ ផង ការជួបបរាជ័យស្នេហ៍ជាលើកទីពីរបានធ្វើឲ្យនាងអស់សង្ឃឹម ដោយមិនចង់ និយាយ ពីស្នេហាពិតឡើយ។

ខណៈដែលទឹកភ្នែកកំពុងហូរ ស្រី ណែត បាននិយាយមួយៗថា នាងតូចចិត្តយ៉ាង ខ្លាំងនៅពេលដែលគេនិយាយតិះដៀលប្រមាថដល់ស្ត្រីដែលជាអ្នកអង្គុយកំដរភ្ញៀវ ឬស្ត្រីដែលធ្វើការនាពេលរាត្រី។

“តើមានស្រីណាមិនចង់បានគ្រួសារមួយមានសុភមង្គល? តើស្រីណាមិនយំ ស្រីណា មិនស្រណោះនៅពេលបាត់បង់គ្រួសារ? តើមានស្រីណាមិនចង់បានកិត្តិយស ក្នុង ជីវិត? តើមានស្រីណាចង់ឭគេប្រមាថនោះ?” នេះជាសំណួរផ្ទួនៗរបស់ស្រី ណែត ដោយសួរបណ្ដើរជូតទឹកភ្នែកបណ្ដើរ។

ក្រោយពីប្រែទឹកមុខមាំបន្តិច ស្រី ណែត បានបន្តថា ក្រោយមក នាងចាប់ផ្តើម មិន ខ្វល់ពីការប្រមាថរបស់អ្នកដទៃឡើយ ហើយក៏មិនបណ្តោយឲ្យការប្រមាថនោះ ក្លាយជាការអស់សង្ឃឹមដែរ តែនាងមានចិត្តជ្រះថ្លា ខំធ្វើអំពើសុចរិត និងប្រកបរបរ ចិញ្ចឹមជីវិតដែលទៀងត្រង់ ដោយនាងបញ្ជាក់ថា “ល្អ ឬអាក្រក់គឺខ្លួនយើង សំខាន់ឲ្យ តែយើងធ្វើអំពើល្អជាការស្រេច។ គ្មាននរណាមកចញ្ចឹមពួកខ្ញុំឡើយ។ អ្វីដែលខ្ញុំ ខ្វល់ គឺអនាគតប្អូនស្រីរបស់ខ្ញុំ”។

អ្វីដែលស្រី ណែត ចង់បាន គឺនាងប្រាថ្នាឲ្យប្អូនរបស់ខ្លួនបានរៀនសូត្រ ចប់ចុង ចប់ ដើម ហើយនាងបានស្មើសុំឲ្យយុវវ័យទាំងឡាយខិតខំរៀនសូត្រ និងមិនត្រូវ ប្រមាថ ឪពុកម្ដាយរបស់ខ្លួនឡើយ ព្រោះពួកគាត់ជាអ្នកមានគុណ មានភាពកក់ក្ដៅ នៅ ក្នុងជីវិត តែបើគ្មានពួកគាត់ នោះទើបដឹងថា ជីវិតខ្លោចផ្សាយ៉ាងដូចម្ដេច។

នាងបន្តថា “កុំខឹងឪពុកម្ដាយ នៅពេលដែលពួកគាត់ស្ដីឲ្យ ព្រោះគាត់ចង់ឲ្យ យើង ល្អ។ បើពួកគាត់ស្លាប់ នោះទើបពួកគាត់ឈប់ព្រានប្រដៅយើង ហើយពេល អត់ពី ពួកគាត់ ទើបដឹងថា ការគ្មានឪពុកម្ដាយ វាលំបាកប៉ុណ្ណា”។

សព្វថ្ងៃ ស្រី ណែត ចង់បានកង់មួយគ្រឿងឲ្យប្អូនស្រីបានជិះទៅរៀន ប៉ុន្តែដោយសារ តែប្រាក់ខែនិងប្រាក់កម្រៃបានមកពីការធីបរបស់ភ្ញៀវគ្រប់ល្មមសម្រាប់ជួលបន្ទប់ បង់ទឹកភ្លើង និងផ្គត់ផ្គង់ជីវភាព ដោយរួមទាំងបង់ថ្លៃសាលាប្រចាំថ្ងៃរបស់ប្អូនផង នាងមិនទាន់មានលទ្ធភាពទិញកង់ឲ្យប្អូននៅឡើយទេ៕

 

Related Articles

Back to top button
Close
Close