ជន​សង្ស័យ ​២​នាក់​ជិះ​ម៉ូតូ​ឆក់​ឡេប​ថប​ និង​ទួរ​ស័ព្ទ​ ធ្វើ​ឲ្យ​នារី​ម្នាក់​រង​របួស​

ភ្នំពេញ ៖ កាល​ពី​វេលា​ម៉ោង៤ និង៤៥ នាទីរសៀលថ្ងៃទី​១៥ មករា ជន​សង្ស័យ ២នាក់ ជិះ​ម៉ូតូ​​ធ្វើ​សកម្មភាព​ឆក់​កាតាបឡេប​ថប​មួយ​គ្រឿង និង​ទូរស័ព្ទ​ហ្គាឡាក់ស៊ី​៣ មួយ​គ្រឿង​នៅ​ចំណុច​​ស្តុប​ចំការមន តាមមហាវិថីម៉ៅសេទុង​កែងផ្លូវ​លេខ៥៧ ក្នុងសង្កាត់បឹង​កេងកងទី​១ ខណ្ឌចំការមន ធ្វើ​ឲ្យ​នារីរង​គ្រោះ​ ដួល​អូស​ប្រមាណ ៥ម៉ែត្រ រលាត់​ដៃ​ជើង ។

បើតាមសម្តីរបស់នារីរងគ្រោះ ​ជិះម៉ូតូហ្វីណូ ពណ៌​​កំបោរ ចេញពីធ្វើការជិះតាម​មហាវិថីម៉ៅសេទុង ពីលិចទៅកើត ខណៈមកដល់ស្តុបចំការមន​ស្រាប់តែ​មាន​ជនសង្ស័យ២នាក់ មិនចាំច្បាស់បានធ្វើសកម្មភាពឆក់យកកាតាប ដែលដាក់ឡេបថប​ដាក់​នៅ​ជាប់ នឹងម៉ូតូ ធ្វើឲ្យដួលម៉ូតូអូស​ប្រមាណ​៥ ម៉ែត្រ រលាត់ដៃជើង​។

សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា ខណៈមកជនសង្ស័យ ២នាក់ជិះម៉ូតូសេ១១០ ស៊េរី២០១២ ពណ៌ខ្មៅ អត់មានកញ្ចក់ និងអត់ពាក់មួកការពារ អ្នកជិះពីក្រោយពាក់​អាវ​យឺតពណ៌ខ្មៅ បានធ្វើសកម្មភាពឆក់កាតាបយកទៅបាត់ ។

ស្របពេលនោះ សមត្ថកិច្ចល្បាតតាមផ្លូវបានជិះម៉ូតូដេញតាមឃាត់បានជនសង្ស័យ២នាក់ ដែលមានភិនភាគ​ដូច​ខាងលើ​នៅតាមផ្លូវលេខ៣១០ មុខស្ទាយក្លឹប ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ប៉ុន្តែពេលដែលសមត្ថកិច្ចឃាត់ខ្លួនបាន ជនសង្ស័យទាំង ២នាក់​នោះឆែក​ឆេររកមិន​ឃើញ​មានអ្វីនៅជាប់នឹងខ្លួនទេ ។

ទាក់ទិននឹងរឿងរ៉ាវនេះ សមត្ថកិច្ចបានឃាត់ជនសង្ស័យទាំង២នាក់ រួចហៅអាណាព្យាបាលមកធ្វើកិច្ចសន្យាធានាដោះលែងវិញ បើសិនជាសមត្ថកិច្ចត្រូវការសាកសួរ ពេល​ណា​ សូមឲ្យជួយសហការចូលខ្លួនមកដោះស្រាយ​៕

ដោយ៖ ហេង នាង​

Related Articles

Back to top button
Close
Close