អត្រាអ្នកអត់ការងារធ្វើ​បាន​ធ្លាក់​ចុះ ដែល​ជា​ដំណឹង​ល្អ​សម្រាប់​លោក​អូបាម៉ា

កាលពីថ្ងៃសុក្រទី៥តុលាម្សិលមិញ ក្រសួងការងារអាមេរិកបានប្រកាសឲ្យដឹងពីការ ថយចុះនៃចំនួន អ្នកអត់ការងារធ្វើ។ យោងតាមតួលេខផ្លូវការ អត្រានៃចំនួនអ្នក អត់ការងារធ្វើបានធ្លាក់ចុះពី ៨,១% មកនៅត្រឹម ៧,៨%។ នេះជាដំណឹងល្អមួយ សម្រាប់លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាក្រោយពីវេទិកាជជែកដេញដោលគ្នា ជាមួយគូប្រជែងរបស់គាត់ គឺលោកមីត រ៉ូមនីកាលពី ២ថ្ងៃកន្លងទៅ។

លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ាត្រូវការដំណឹងល្អមួយនេះដើម្បី ស្រោចស្រង់ប្រជាប្រិយភាព ខ្លួនឯង ដែលបានធ្លាក់ចុះបន្តិច នៅក្នុងវេទិកា តស៊ូមតិជាមួយគូប្រជែងរបស់គាត់ គឺលោកមីតរ៉ូមនីមកពីគណបក្សសាធារណៈរដ្ឋ កាលពីថ្ងៃពុធ ទី៣ តុលា។

នៅក្នុងខែកញ្ញាកន្លងទៅ មានការងារចំនួន ១១៤ ០០០ការងារត្រូវបានបង្កើត ឡើង  និងអាត្រានៃចំនួនអ្នកអត់ការងារធ្វើបានថយចុះចំនួន ០,៣% ពោលគឺថយចុះពី ៨,១% មកនៅត្រឹម ៧,៨% នៃចំនួនពលរដ្ឋអាមេរិកំាងសកម្ម។ អត្រានៃចំនួនអ្នក អត់ការងារធ្វើ ៧,៨% គឺជាអត្រាមួយដូចគ្នាបេះបិទនឹងអត្រាកាលពីឆ្នំា ២០០៩ ពោលចំពេលដែលលោកបារ៉ាក់ អូបាម៉ាទើបចូលកាន់តំណែងប្រធានាធិបតី។

អ្វីជាការកត់សម្គាល់ ការថយចុះនៃចំនួនអ្នកអត់ការងារធ្វើពេលនេះបានធ្លាក់មក ចំពេលដែលលោកអូបាម៉ាបានឈរឈ្មោះជាបេក្ខជនប្រធានាធិបតីសម្រាប់មួយ អាណត្តិថ្មីទៀត។ ថ្លែងនៅក្នុងរដ្ឋ Virginie លោកអូបាម៉ាមិនបាន ភ្លេចធ្វើ អត្ថាធិប្បាយចំពោះដំណឹងល្អនេះទេ។ ដំណឹងល្អដែលលោក ប្រធានាធិបតីបានកោតសរសើរពីការខិតខំប្រឹងប្រែងយ៉ាង ស្វិតស្វាញរបស់ប្រជា ពលរដ្ឋអាមេរិកំាងក្រោមរដ្ឋបាលរបស់លោក។គឺជាមូលហេតុមួយដែលលោក អូបាម៉ាចង់ប្រាប់ពលរដ្ឋអាមេរិកំាងពីបំណង របស់លោកដែលចង់បន្តកាន់ តំណែងប្រធានាធិបតីអាណត្តិទី២។

ងាកទៅមើលគូប្រជែងរបស់លោកអូបាម៉ាឯណោះវិញ ថ្លែងនៅក្នុងរដ្ឋ Virginie ដូចគ្នា លោក មីត រ៉ូមនីមកពីគណបក្សសាធារណៈរដ្ឋបានធ្វើអត្ថា ធិប្បាយផ្ទុយគ្នានឹងលោក អូបាម៉ាទាក់ទងនឹងតួលេខថយចុះនៃចំនួនអ្នកអត់ ការងារធ្វើដែលប្រកាសដោយក្រសួងការងារ។យោងតាមលោក មីតរ៉ូមនី មូលហេតុ ដែលជម្រុញឲ្យអាត្រានៃចំនួនអ្នកអត់ការងារធ្វើធ្លាក់ចុះ ក្នុងឆ្នំានេះ គឺមកពី មានមនុស្សកាន់តែច្រើនឡើងៗបានបញ្ឈប់ការស្វែងរកការងារធ្វើ។ សម្រាប់ លោក មីត រ៉ូមនី ប្រសិនបើគេបូកបញ្ចូលមនុស្សដែលបញ្ឈប់ការស្វែងរកការងារធ្វើទំាង អស់នោះ អត្រានៃចំនួនអ្នកអត់ការងារធ្វើនៅអាមេរិកមានជិត ១១% ឯណោះ។

តែយ៉ាងណាក៏ដោយនៅចំពោះមុខ តួលេខផ្លូវការបានបញ្ជាក់ពីការថយចុះ នៃចំនួនអ្នកអត់ការងារធ្វើដែលនេះ ពិតជាសញ្ញាវិជ្ជមានមួយសម្រាប់លោក អូបាម៉ាក្នុងការដំណ្តើមកៅអី ប្រធានាធិបតីមួយអាណត្តិថ្មីទៀតនៅសេត វិមាន៕ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close