ស្ត្រី​ម្នាក់ ​ដើរ​លក់​ទឹក​សុទ្ធ​ រហូត​សម្រាល​កូន ​នៅ​ទី​សាធារណៈ​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ( ០៨ កញ្ញា ២០១៤) ៖ នៅព្រលប់ថ្ងៃទី០៧ ខែកញ្ញានេះ មានស្ត្រីវ័យម្នាក់ ប្រឹងប្រែងដើរលក់ ទឹកសុទ្ធនៅមុខ ព្រះបរមរាជវាំង ម្តុំព្រះអង្គដងកើ ព្រោះតែចង់បានថវិកា ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ រហួតសម្រាលកូន នៅទី​សាធារណៈ​តែម្តង​។

ក្រោយពីទទួលបានព័ត៌មានការសម្រាលកូនតាមទីសាធារណៈ របស់ស្រ្តីលក់ទឹកបរិសុទ្ធនេះ​  សន្តិសុខ  សណ្តាប់ធ្នាប់​ខណ្ឌដូនពេញ ញាប់ដៃញាប់ជើងជួយសង្រ្គោះ និងដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ កាល់ ម៉ែត្រ។ដោយមានការជួយជ្រោមជ្រែង និងយកចិត្តទុកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យ អ្នកស្រី ចាន់ ស្រីពៅ និង កូន ដែលទើបសម្រាល បានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា។

អ្នកស្រី ចាន់ ស្រីពៅ មានស្វាមីឈ្មោះ ម៉ក់ ឧសភា អាយុ ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ ផ្សារ កណ្តាល២ ខណ្ឌដូនពេញ។

បើតាមការបញ្ជាក់ ពីស្វាមីរបស់អ្នកស្រី ចាន់ ស្រីពៅ បានឲ្យដឹងថា ទារក ដែលសម្រាលនៅ ទីសា ធារណៈលើកនេះ គឺជាកូនទី៥ហើយ ។

បន្ទាប់ពីការជួយសង្រ្គោះឲ្យមានសុខសុវត្ថិភាពទាំងម្តាយ និងកូនហើយនោះ សាលាខណ្ឌដូនពេញ បានជួយ ឧបត្ថម្ភថវិកា ២០ម៉ឺនរៀល ហើយលោកស្រី ឈឹម វត្តី សមាជិកក្រុមប្រឹក្សាខណ្ឌដូនពេញ ឧបត្ថម្ភ ១០០ដុល្លារ ដើម្បីជួយសម្រាល ការលំបាក និងសម្រាប់ចំណាយលើ តម្រូវការក្នុងជីវភាព។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំមន្ទីរពេទ្យកាល់ម៉ែត ក៏បានប្រកាសដែរថា មន្ទីរពេទ្យមិនយកប្រាក់ពីអ្នកស្រី ចាន់ ស្រីពៅ នោះទេ ហើយនិងខិតខំជួយព្យាបាលអ្នកស្រី  និងមើលថែទារករហូតមានសុខភាពល្អ ទើបឲ្យចេញពីមន្ទីរពេទ្យ៕

S-044

Related Articles

Back to top button
Close
Close