បញ្ហា​ទាក់​ទិន​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍​និង​ការងារ​ផ្សេងៗទៀត​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៤

ថ្មីៗនេះ ដោយ​មាន​មតិខ្លះបាន​លើក​ឡើង​ពីបញ្ហា​គ្រោះថ្នាក់ចរាចរណ៍ដែលថា​តែងតែមាន​ការកើតឡើង​ជាញឹក​ញាប់ និង​មាន​ចំណុច​​ជើង​កបច្រើន​​នោះ សារព័ត៌មាន​ ឃែមបូឌាញូស៍ និង​សារព័ត៌មាន​យុវវ័យថ្មីបាន​ជួបសម្ភាសលោក ជួន វ៉ាន់ឌន នាយកកិច្ចការ​ធុរ​កិច្ច​នៃ​​ក្រុម​ហ៊ុន​អេហ្សិត នៅឯការិយារបស់លោក។ តើផ្លូវជាតិលោខ៤ពិត​ជាមគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេមែនទេ ហើយ​កត្តាអ្វីដែលនាំឲ្យមាន​គ្រោះ​ថ្នាក់ចរាចរណ៍នោះ?

បទសម្ភាស៍មាន​ខ្លឹមសារទាំងស្រុង​ង​ដូចខាងក្រោម៖

ឃែមបូឌាញូស៍/យុវវ័យថ្មី៖ តើក្រុមហ៊ុនអេហ្សិត​បាន​ធ្វើអ្វីខ្លះដែល​ផ្តល់ប្រយោជន៏ដល់ផ្នែកសុវត្ថិភាព ចរាចរណ៏នៅតាមដងផ្លូវ​ជាតិ​លេខ៤?

លោក ជួន វ៉ាន់ឌន ក្រុមហ៊ុន​អេហ្សិតរបស់​យើង​មានកិច្ចការជាច្រើន​ដែល​បាន​បំពេញកន្លងមកដែល​ក្នុង​នោះ​​រួមមាន៖

​- ពង្រីក​ផ្លូវ​៤​ជួរ​ចាប់​ពីតំបន់ភូមិសាស្រ្តរាជធានីភ្នំពេញឆ្ពោះទៅកាន់ទី​រួមខេត្តកំពង់ស្ពឺ និង​ពង្រីកផ្លូវ​នៅ​តាម​ទី​ប្រជុំជន​មាន​ដូច​ជាទីរួមខេត្ត​កំពង់​ស្ពឺពេ​ជ្រនិល​ ទី​ប្រជុំជន​វាល​រេញ​ ទីប្រជុំជនស្មាច់​ដែង​ដល់​ឃ្លាំង​លើនិង​​ពង្រីក​កំណាត់​ផ្លូវខ្លីៗផ្សេងទៀត​ដូចជា​ភូមិសាស្រ្តដែលមានចរាចរ​មមាញឹក​កំណាត់​ផ្លូវ​កោង​ និង​កំណាត់​ផ្លូវ​ដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍។

– ​អ៊ុត​បេតុងកៅស៊ូមួយ​ស្រទាប់​បន្ថែម​​លើ​តួផ្លូវចាស់និងថែទាំជាប្រចាំលើតួផ្លូវ​រួមមាន៖ ​ជួសជុល​ស្នាម​ប្រេះ​​លើតួផ្លូវ​ផ្លូវ​ស្រុតប៉ោង​និង​រលក​ បំពេញចិញ្ចើម​គ្រួស​ក្រហមធ្វើគ្រឹះផ្លូវ លុបគ្រលុក​សំបុកមាន់​អ៊ុតគំនូស​ផ្លូវ​និង​បំពាក់​​ផ្លាកសញ្ញាចរាចរណ៍​បង្គោល​​សុវត្ថិភាពដូចជារបាំងដែកសុវត្ថិភាពដុំចំណាំង​ផ្លាតបង្គោលភ្លើងពញ្ញាក់អារម្មណ៍ដែលជាជា​បរិក្ខារ​សុវត្ថិភាព​នៅតាម​ដង​ផ្លូវ។

– ទប់ស្កាត់ការទន្រ្ទានកាន់កាប់ដីចំណីផ្លូវ​ក៏​ជាការសំខាន់ណាស់ដែរ។​ ការ​អនុវត្ត​វិធាន​ការរុះរើ​និង​ទប់​ស្កាត់​រាល់ការបំពារបំពាន​ទន្រ្ទានកាន់កាប់និងសាង​សង់​តូប​លក់​ដូរ​សំណង់​ផ្ទះ​​សំបែងក្បែរនិងតួផ្លូវដែលអាចបង្កឲ្យ​មាន​គ្រោះថ្នាក់​ជា​យ​ថា​ហេតុ។

– អនុវត្តយន្តការត្រួតពិនិត្យជាប្រចាំ ដោយ​ឃ្លាំមើលលើ​​​ទម្ងន់ផ្ទុករបស់​យានយន្ត ​ពិនិត្យ​បរិក្ខារ​សុវត្ថិ​ភាព​យាន​យន្តនិងល្បាតជាប្រចាំដើម្បីរៀបចំសណ្ដាប់ធ្នាប់​តាមដងផ្លូវនិងតាម​ទីប្រជុំជន។

– អប់រំផ្សព្វផ្សាយ ដោយ​សហការជាមួយគណៈកម្មាធិការជាតិសុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោកកាកបាទ​ក្រហម​ ព្រមទាំង​អង្គការនានាដូចជា​អង្គការCRYនិងអង្គការ Handicap ជាដើមដើម្បីចូលរួមក្នុង​សកម្មភាព​អប់រំផ្សព្វផ្សាយនានាលើការងារសុវត្ថិភាព​ចរាចរណ៍សម្រាប់​អ្នក​ប្រើ​ប្រាស់​ផ្លូវ​ថ្នល់។

ឃែមបូឌាញូស៍/យុវវ័យថ្មី៖ ក្រោយមានគ្រោះថ្នាក់ចរាចរស្ទួនគ្នាម្តងទៀតនៅតំបន់ផ្លូវចំណោត​បិត​​ត្រាង​និង​នៅ​​ក្បែរ​​​ចំណោត​អូរ​ត្រាវ​មកប្រជាពលរដ្ឋមួយចំនួនមានការខ្លាចរអារ ហើយបាននិយាយ​ថា ​ផ្លូវ​ជាតិ​លេខ​៤​​គឺ​​​ជា​ផ្លូវមានគ្រោះថ្នាក់ច្រើនជាងគេ​ ឬជា“តំបន់​​ជើងកប” នៃការ​ឆក់យកជីវិតមនុស្ស។

តើ​​​លោក​យល់យ៉ាងណាចំពោះការសរសេរបែបនេះ ហើយ​ក្រុមហ៊ុន​មាន​វិធាន​ការ​យ៉ាងដូច​ម្តេច​ទៅ​នឹង​​បញ្ហា​នេះ?

លោក ជួន វ៉ាន់ឌននោះ​​ជាការយល់ឃើញរបស់​បុគ្គល​ម្នាក់ៗតែ​សម្រាប់​​ខ្ញុំ​ៗ​គិតថា អ្វីៗត្រូវ​តែ​សិក្សា​​ស្វែង​យល់​ឲ្យ​បាន​ស៊ី​ជម្រៅ​ និង​ផ្អែក​លើទិន្ន័យ​ជាផ្លូវ​ការ​របស់​សមត្ថ​កិច្ច​ជំនាញ​។ ឆ្លៀតក្នុង​ឱកាស​​នេះ ខ្ញុំសូម​​លើកយក​ទឡ្ហីករណ៍​មួយចំនួនមកបង្ហាញដូចខាងក្រោម៖

-​ របាយការណ៍របស់​ក្រសួង​មហា​ផ្ទៃស្តីពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកសម្រាប់រយៈពេល៩ខែឆ្នាំ២០១៤​បាន​បង្ហាញថា​តាម​បណ្តោយ​ផ្លូវជាតិលេខ​៤មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១៤៩​ករណី ហើយ​​បើប្រៀបធៀបជាមួយផ្លូវជាតិ​ទាំង៨ខ្សែទៀត​នៅក្នុងប្រទេស គឺ​ផ្លូវជាតិលេខ៤​ឈរ​នៅ​លំដាប់​ថ្នាក់​​ទី​៦។ ឯ​ផ្លូវ​ជាតិ​​មាន​​គ្រោះថា្នក់ចរាចរណ៍​ខ្ពស់​ជាងគេបំផុតនោះ​គឺផ្លូវជាតិលេខ៥ ដែលមាន​រហូត​ដល់​៣៨៨ករណី​ក្នុងរយៈពេលដូចគ្នាខាងលើ។

-របាយ​ការណ៍​​ស្តីពី​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​ដែល​បាន​បោះ​ពុម្ព​ផ្សាយ​ដោយ​គណៈ​កម្មា​ធិការ​ជាតិ​សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ ២០១៣ ក៏បាន​បង្ហាញ​ដែរ​ថា​ផ្លូវ​ជាតិ​លេខ៤​ត្រូវ​បាន​កំណត់​ជាផ្លូវ​ជាតិ​ដែល​មានចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរស្ថិតក្នុង​​លំដាប់​ទី៤ក្នុង​ចំណោម​បណ្តា​ផ្លូវជាតិ​ទាំង​អស់ ខណៈដែល​ផ្លូវជាតិ​លេខ៥លេខ៦និង​លេខ​៧​មាន​ចំនួន​អ្នក​ស្លាប់​ច្រើន​ជាង​គេ​បំផុត​ក្នុង​រយៈ​ពេល​បីឆ្នាំ​ចុង​ក្រោយ(ឆ្នាំ២០១១-២០១៣) នេះ។ របាយការណ៍នេះ​ក៏បញ្ជាក់ដែរថា បើ​គិត​ពីចំនុចជើង​កប​លើ​កំណាត់​​ផ្លូវជាតិ​លេខ​៤ គឺ​​មាន​ទីតាំង​​តែ២កន្លែងប៉ុណ្ណោះ​ក្នុងឆ្នាំ​២0១១និង២0១២ហើយ​បាន​ថយ​ចុះ​មក​ត្រឹម​តែ​​១ទីតាំងប៉ុណ្ណោះក្នុង​​ឆ្នាំ២0១៣។ របាយការណ៍នេះក៏បាន​បង្ហាញដែរថា ​ផ្លូវជាតិ​លេខ៧ត្រូវ​បាន​ចាត់​ថ្នាក់​​ជា​ផ្លូវ​ជាតិ​ដែល​មាន​ចំនួនទីតាំង​ជើង​កប​ច្រើន​ជាង​គេ​រហូត​ដល់​៨កន្លែងក្នុងឆ្នាំ២០១៣។

ជា​លទ្ធផល​នៃ​ការអង្កេត​វាយ​តម្លៃ​ពីគណៈ​កម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​​ចុង​ក្រោយ ​ពិសេសផ្អែកលើ​របាយការណ៏បូកសរុបសម្រាប់​រយៈពេល៩ខែឆ្នាំ២០១៤​​បាន​ធ្វើ​សន្និដ្ឋាន​ថាប្រមាណ៩៦% នៃគ្រោះថ្នាក់ចរចរណ៏បង្ករឡើង​ដោយកត្តាមនុស្ស​ ៣%ទៀត​បណ្តាលមកពីកត្តាយានយន្តនិងកត្តាផ្លូវថ្នល់ប្រហែល ១%។

ការអនុវត្តរបស់ក្រុមហ៊ុន៖
អនុលោមតាមស្មារតីអង្គប្រជុំដែលដឹកនាំដោយឯកឧត្តមត្រាំអ៊ីវតឹករដ្ឋមន្រ្តី​ក្រសួង​សាធារណៈ​ការ​និង​ដឹក​ជញ្ជូន​កាល​ពី​ថ្ងៃ​ទី​១៨ខែ​វិច្ឆិកាឆ្នាំ​២០១៤​កន្លងទៅនេះ​អំពីករណី​គ្រោះ​ថ្នាក់​ចរាចរតាមដងផ្លូវឯកឧត្តមបានដាក់ចេញ​ផែនការសកម្មភាពសម្រាប់ដោះស្រាយដូចខាងក្រោម៖

–       ការបំពាក់នូវបរិក្ខារសុវត្ថិភាព

រថយន្តធំតូចប្រជែកគ្នានៅផ្លូវជាតិលេខ៤នៅផ្លូវឡើងទួលត្រង់ចំណុចស្មាច់ដែង
រថយន្តធំតូចប្រជែកគ្នានៅផ្លូវជាតិលេខ៤នៅផ្លូវ​ឡើង​ទួល​ត្រង់​ចំណុច​ស្មាច់​ដែង។

–       ពិនិត្យកែសម្រួលតំបន់ជើងកប

–       ពិនិត្យយានយន្ត

–       យន្តការគ្រប់គ្រងបទល្មើស

–       កែប្រែឥរិយាបថអ្នកប្រើប្រាស់ផ្លូវថ្នល់

–       កិច្ចការសង្រ្គោះបន្ទាន់

–       ការគ្រប់គ្រងអ្នកបញ្ជាយានយន្ត

–       ការគ្រប់គ្រងបណ្ណ័បើកបរ

ក្រុមហ៊ុនក្រុមហ៊ុន​អេហ្សិត​បាន​ត្រៀម​ខ្លួន​ជា​និច្ច​ក្នុងការចូលរួមគ្រប់សកម្មភាព​ឲ្យ​បាន​សមស្រប​ទៅ​តាម​​គោលនយោបាយរបស់រាជរដ្ឋាភិបាល​ និង​រាល់​វិធាន​ការ​ផ្សេងៗ​របស់​គណៈ​កម្មាធិការ​ជាតិ​សុវត្ថិភាពចរាចរណ៍ ព្រមទាំង​សេចក្តីណែនាំពីបែបបទបច្ចេកទេសនានាពីក្រសួងសាធារណៈ​ការ​និងដឹកជញ្ជូន ដើម្បី​​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍។

 

ឃែមបូឌាញូស៍/យុវវ័យថ្មី៖ មាន​ទស្សនៈខ្លះ​បានលើកឡើងថាផ្លូវកាន់​តែស្អាត​គ្រោះ​ថ្នាក់​កាន់​តែ​ច្រើន​និង​កាន់​តែ​ធ្ងន់ធ្ងរ។ ​តើលោកយល់យ៉ាងណាដែរពីទស្សនៈនេះ?

លោក ជួន វ៉ាន់ឌននៅ​ពេលស្ថានភាព​ផ្លូវកាន់តែមានភាពងាយស្រួល អ្នកធ្វើ​ដំណើរ​​​​​តែង​មាន​ទំនោរបើក​លឿនដោយ​ពុំ​សូវគិតគូរ​ពី​សុវត្ថិភាព​។ បើ​យើងពិនិត្យមើលពីតថភាព​បច្ចុប្បន្ន “ស្ថាន​ភាព​ផ្លូវ​កាន់​តែស្អាត អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​កាន់​តែ​ខ្ពស់” អាច​ជាការ​លើកឡើងមួយដែលត្រឹមត្រូវ។

ក៏ប៉ុន្តែ បើធ្វើការ​វិភាគឱ្យបានស៊ីជំរៅជាងនេះទៅទៀត គ្រោះថ្នាក់ចរាចរណ៍ដែលកើត​មាន​ឡើង​នៅលើ​ស្ថាន​ភាពផ្លូវកាន់តែ​ល្អប្រសើរនោះ​ ភាគច្រើនបណ្តាលមកពីកត្តាមនុស្ស។ កត្តា​សំខាន់​ជាង​គេ​គឺបណ្តាលមកពីការបើកបរមិនគោរពច្បាប់ចរាចរណ៍ ដែល​ក្នុង​នោះ​រួមមាន​ដូច​ជា​ការ​បើកបរ​លើស​ល្បឿន​កំណត់ បើកបរទាំងមានជាតិស្រវឹញ រឺ​​​​​គ្រឿងញៀន ហើយមានពេល​ខ្លះពួក​គាត់​បានកេង​ផល​ចំណេញ​​ពីការបើកបរដោយមិនគិតពីសុវត្ថិភាព ដូចជាពន្លត់ម៉ាស៊ីនពេលចុះចំណោត​បើក​បរ​លើស​កំរិត​ល្បឿន​អតិបរិមា​ដើម្បី​សន្សំសំចៃ​ប្រេង​និងមិនបានយកចិត្តទុកដាក់លើការត្រួតពិនិត្យយាន​យន្ត​ដូចជាកង់ ប្រព័ន្ធហ្វ្រាំងមុនពេលបើកបរជាដើម។ បើ​តាម​តួលេខ​របស់​គណៈ​កម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចណ៍ផ្លូវគោគបានបង្ហាញថាកត្តាមនុស្សបានបង្ករជា​គ្រោះថ្នាក់​ចរាចរណ៍​រហូត​ដល់​ទៅ​៩៥ ភាគរយ កត្តាយានយន្ត និង​ កត្តាផ្លូវប្រមាណ ៥ ភាគរយ។

បន្ថែមពីនេះការបើកបរ​ក្នុងស្ថានភាពផ្លូវល្អប្រសើរ​ និយាយ​ឱ្យស្រួលផ្លូវស្អាត នោះ អាចទទួលបាននូវអត្ថប្រយោជន៍យ៉ា​ងច្រើន សំរាប់សេដ្ឋកិច្ចសង្គម។ ផលវិជ្ជមានទាំងនោះរួមមាន​ការកាត់បន្ថយការ​ចំណាយ​ប្រតិបត្តិ​ការយានយន្តដូចជា ការកាត់បន្ថយនៃការប្រើប្រាស់ប្រេងសាំង ចំណាយ​លើការ​សឹក​រិច​រិល​​នៃ​សំបក​កង់​ ចំណាយ​ក្នុងការជួសជុលថែរទាំ ជាដើម។ ផល​វិជ្ជមានមួយទៀតគឺការ​ចំណេញ​​ពេល​​វេលា​​បើកបរ ទាញចេញពី​ការកាត់បន្ថយការកកស្ទះចរាចរណ៍ ដែលនឹង​ធ្វើ​ឱ្យ​អ្នក​ធ្វើ​ដំណើរ​ចំណាយ​​ពេលកាន់តែតិចក្នុងការធ្វើដំណើរ​។

សរុបសេចក្តីមកដើម្បីបញ្ជៀសអោយបានគ្រោះថ្នាក់ចរាចរណ៍ជាអតិបរមារត្រូវតែមានការចូលរួមកែប្រែឥរិយាបថ​គោរព​ច្បាប់​ចរាចរណ៍​ពី​សំណាក់​អ្នក​ប្រើប្រាស់​ផ្លូវ​ថ្នល់​និង​អ្នក​ធ្វើអាជីវកម្មលើវិស័យដឹកជញ្ជូនតាមរយៈការពង្រឹងគុណភាពលើការងារ​គ្រប់​គ្រង​ទាំង​ផ្នែកបច្ចេកទេសយានយន្តនិងធ្វើការអប់រំដល់អ្នកបើកបរអោយក្លាយជាអ្នកបើកបរអាជីពប្រកបដោយវិជ្ជាជីវៈ។​ ទន្ទឹម​និង​នោះ​ដែរ​ក៏ត្រូវមាន​យន្តការត្រួតពិនិត្យជាប្រចាំ និងពង្រឹងការអនុវត្តច្បាប់អោយបានម៉ឺងម៉ាត់៕ សុវណ្ណនាថ

 

Related Articles

Back to top button
Close
Close