ទីផ្សារហិរញ្ញវត្ថុកំពុងទង្ទឹងរង់ចាំមើលលទ្ធផលប្រជុំរបស់ធនាគារកណ្តាលអឺរ៉ុប

ក្រុមប្រឹក្សាភិបាលនៃធនាគារកណ្តាលសហភាពអឺរ៉ុបត្រូវជួបប្រជុំគ្នា នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បី កំណត់ នយោបាយរូបិយវត្ថុរបស់តំបន់ចាយលុយអឺរ៉ូ ហើយមជ្ឈដ្ឋានទីផ្សារហិរញ្ញវត្ថុរំពឹងថា ធនាគារ កណ្តាលអឺរ៉ុបនឹងចាត់វិធានការ ជួយសម្រាលបន្ទុកប្រទេសជាសមាជិកមួយចំនួន ជាពិសេស អេស្ប៉ាញ ដែលកំពុងជួបវិបត្តិ ដោយសារតែអត្រាការប្រាក់នៃមូលបត្របំណុលរដ្ឋកំពុង កើនឡើង ខ្លាំង។

ជាទូទៅ នៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍នេះ ធនាគារកណ្តាលអឺរ៉ុបតែងតែប្រកាសអំពីការកំណត់ អត្រាការប្រាក់របស់ធនាគារកណ្តាលថា តើត្រូវទុកឲ្យនៅដដែល ដំឡើង ឬក៏ត្រូវបញ្ចុះ? ក៏ប៉ុន្តែ ដោយមើលទៅលើស្ថានភាពវិបត្តិក្នុងតំបន់អឺរ៉ូនៅពេលនេះ គ្រប់គ្នាគិតថា ការបញ្ចុះអត្រាការប្រាក់ របស់ធនាគារកណ្តាល អឺរ៉ុប វាមិនគ្រប់គ្រាន់ ដើម្បីបន្ធូរបន្ថយវិបត្តិនេះទេ។

អ្នកវិនិយោគ ក៏ដូចជា មន្រ្តីរដ្ឋាភិបាលនៅក្នុងតំបន់អឺរ៉ូរំពឹងថា ក្រុមប្រឹក្សាភិបាលធនាគារកណ្តាល អឺរ៉ុបនឹងសម្រេចចាត់វិធានការធំៗលើសពីសព្វមួយដង ជាពិសេស គេរំពឹងថា ធនាគារកណ្តាល អឺរ៉ុបនឹងសម្រេចបញ្ចេញលុយមកទិញមូលបត្របំណុលរបស់រដ្ឋជាសមាជិកឡើងវិញ ដើម្បីជួយឲ្យ អត្រាការប្រាក់មូលបត្របំណុលរដ្ឋជាសមាជិក ដូចជា អេស្ប៉ាញជាដើម ដែលកំពុងតែកើនឡើង កប់ពពក អាចនឹងធ្លាក់ចុះមកនៅកម្រិតមួយសមរម្យវិញ។ គួរបញ្ជាក់ថា ការប្រមូលទិញមូលបត្រ បំណុល រដ្ឋជាសមាជិកនៅលើទីផ្សារមូលបត្រ ធ្លាប់ត្រូវបានធនាគារកណ្តាលអឺរ៉ុបធ្វើរួចមកហើយ ក៏ ប៉ុន្តែ បានផ្អាកទៅវិញដោយមានភាពចម្រូងចម្រាសក្នុងចំណោមរដ្ឋជាសមាជិក ជាពិសេសគឺមាន ការជំទាស់ពីអាល្លឺម៉ង់។ក៏ប៉ុន្តែគេនាំគ្នារំពឹងទុកថា ធនាគារកណ្តាលអឺរ៉ុបអាចនឹងចាប់ផ្តើមការ ប្រមូល ទិញ មូលបត្របំណុលរដ្ឋសមាជិកនេះឡើងវិញ ក្រោយពីលោក Mario Draghi អគ្គទេសាភិបាល ធនាគារ កណ្តាលអឺរ៉ុប បានប្រកាសថា ធនាគារនឹង “ចាត់គ្រប់វិធានការដែលចាំបាច់” ដើម្បីការពារ លុយ អឺរ៉ូ។ យោងតាមកាសែតអាល្លឺម៉ង់ នៅក្នុងកិច្ចប្រជុំថ្ងៃព្រហស្បតិ៍នេះ ធនាគារកណ្តាលអឺរ៉ុបអាច នឹងសម្រេចដាក់ចេញនូវវិធានការពីរព្រមគ្នា គឺ ទីមួយ បញ្ចេញលុយខ្លួនឯង ដើម្បីទិញមូលបត្រ បំណុលរបស់រដ្ឋជាសមាជិកផង និងចេញអាជ្ញាប័ណ្ណធនាគារឲ្យមូលនិធិអឺរ៉ុប (Fonds européens de stabilité financière និង Méchanisme européen de stabilité) ផង ដើម្បីឲ្យមូលនិធិនេះអាច បញ្ចេញលុយមកជួយទិញមូលបត្របំណុលរបស់រដ្ឋជាសមាជិក ដែលកំពុងជួបវិបត្តិ ដូចជា អេស្ប៉ាញ ជាដើម។ ក៏ប៉ុន្តែ នេះគ្រាន់តែជាការរំពឹងទុកប៉ុណ្ណោះ។ តើធនាគារកណ្តាលអឺរ៉ុបនឹង ចាត់វិធានការអ្វីខ្លះពិតប្រាកដ? គេត្រូវរង់ចាំលទ្ធផលប្រជុំ ដែលនឹងប្រកាសឲ្យដឹងក្នុងសន្និសីទ កាសែត ក្នុងពេលប្រមាណជាកន្លះម៉ោងខាងមុខនេះ៕ដោយ សេង ឌីណា(RFI)

Related Articles

Back to top button
Close
Close