ក្លិបអ្នកកាសែតកម្ពុជាផ្តើមទស្សនកិច្ចទីក្រុងហាណូយ ដើម្បីពង្រឹងបណ្ដាញសារព័ត៌មានក្នុងតំបន់

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្លិបអ្នកកាសែតកម្ពុជា បានចេញដំណើរទៅកាន់ប្រទេសវៀតណាមហើយនៅថ្ងៃច័ន្ទនេះ ជាទស្សនកិច្ចចំពេលវេលាដែលអ្នកសារព័ត៌មានកំពុងដើរតួនាទីដ៏សំខាន់ក្នុងការផ្សព្វ​ផ្សាយព័ត៌​មាន​ដែលពេញលេញ ត្រឹមត្រូវ និងប្រកបដោយវិជ្ជាជីវៈ។

ទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងតបតាមការអញ្ជើញរបស់សមាគមអ្នកកាសែតវៀតណាម (Vietnam Journalists Association – VJA) ដែលជាសមាគមតែមួយគត់នៅប្រទេសវៀតណាម ហើយជាដៃគូជាមួយក្លិបអ្នកកាសែត​កម្ពុជា (Club of Cambodian Journalists – CCJ) ចាប់តាំងពី​​ឆ្នាំ​​២០១៨ មក។

ភាពជាដៃគូនេះ​ បានកើតឡើងភ្លាមៗក្រោយពី CCJ ទទួលបានការគាំទ្រជាឯកច្ឆ័ន្ទឱ្យ​ចូលជា​សមាជិក​​នៃសហព័ន្ធអ្នកកាសែតអាស៊ាន​ (Confederation of ASEAN Journalists) នាដើមឆ្នាំ​២០១៨ នៅក្នុងកិច្ចប្រជុំមហាសន្និបាត​អ្នកកាសែត​អាស៊ាន​នៅក្នុងទីក្រុងបាងកក​ ប្រទេស​ថៃ។ នាពេលនោះហើយដែល​ថ្នាក់ដឹកនាំ VJA និង ថ្នាក់ដឹកនាំ CCJ ​បាន​ចាប់ផ្តើម​ពិភាក្សាអំពីការបង្កើត​ភាពជា​ដៃគូដើម្បី​បម្រើផលប្រយោជន៍វិស័យសារព័ត៌មានក្នុងតំបន់ផង និងដើម្បី​សារព័ត៌​​​​មាន​នៃប្រទេស​ទាំងពីរ​ផង។

លោក ពុយ​ គា ប្រធានក្លិបអ្នកាសែតកម្ពុជា បានថ្លែងថា «នៅក្នុងរយៈពេល៥ថ្ងៃនៅក្នុងប្រទេសវៀតណាម ចាប់ពីថ្ងៃទី​១៣-១៧​​ ខែឧសភា ក្លិបអ្នកកាសែត​កម្ពុជា នឹងព្យាយាមដើរ           តួនាទីជាស្ពានដើម្បីពង្រឹងទំនាក់ទំនងបណ្ដាញសារព័ត៌មានក្នុងតំបន់»។

លោកបានបន្តថា «រាល់ពេលដែលមានបញ្ហា ឬភាពចម្រូងចម្រាស់អ្វីមួយកើតឡើង អ្នកសារ​​ព័​ត៌​មានអាចជួយបន្ថយកម្តៅ ឬសភាពការណ៍ដែលតឹងតែងឱ្យមកធូរស្រាលវិញបានតាម      រយៈ​ការចោទជាសំណួរទៅថ្នាក់ដឹកនាំ ឬប្រភពដែលផ្តល់ព័ត៌មានដែលមិនមានលក្ខណៈពង្រីកបញ្ហា ឬបង្កើនជាតិនិយមហួសពីអ្វីដែលថ្នាក់ដឹកនាំ ឬប្រភពផ្តល់ឱ្យ»។

​តាមការគ្រោងទុក ថ្នាក់ដឹកនាំក្លិបអ្នកកាសែត​កម្ពុជា និងសមាគម​អ្នកកាសែត​វៀតណាមនឹងពិភាក្សាលើការវិវត្តន៍ថ្មីៗនៃវិស័យសារព័ត៌មានសម័យឌីជីថល ជាពិសេសការប្រើប្រាស់បញ្ញាសិប្បនិមិត្ត AI និងទស្សនកិច្ច​ទីតាំងសំខាន់ៗ​ដែលទាក់ទងនឹង​ដំណើរការងារក្នុងវិស័យសារព័ត៌​មាន ដូចជាការិយាល័យទីភ្នាក់ងារព័ត៌មានវៀតណាម VNA សារមន្ទីរប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងស្វែងយល់ពីសក្តានុពលនៃរមណីយដ្ឋាន​ទេសចរណ៍មួយ​ចំនួននៅក្នុង​ទីក្រុងហាណូយ និងនៅតំបន់ខ្ពង់​រាបសាប៉ា ជាប់ព្រំដែនប្រទេសចិន ជាដើម។

ក្រៅពីសមាគមអ្នកកាសែតវៀតណាម ក្លិបអ្នកកាសែត​កម្ពុជា ក៏ជាដៃគូរបស់​សមាគម​អ្នកកាសែតថៃ​ (Thai Journalists Association) ផងដែរ។ ក្លិបអ្នកកាសែត​កម្ពុជា​បាន​រៀបចំសកម្មភាពការងារជាច្រើនជាមួយ​សមាគមអ្នកកាសែតថៃ ក្នុងពេលកន្លងមក ដើម្បី​ការផ្លាស់ប្ដូរ​បទពិសោធន៍ ចំណេះដឹងផ្នែកសារព័ត៌មាន និងមិត្តភាព ព្រមទាំងដើម្បីផលប្រយោជន៍​នៃប្រទេសជិត​ខាងទាំង​ពីរផងដែរ។

ប្រតិភូ CCJ ដឹកនាំដោយ លោក ពុយ គា ប្រធានក្លិបអ្នកកាសែត​កម្ពុជា, លោកស្រី ថុង​ សុវណ្ណរង្សីយ៍ អគ្គលេខាធិការ, លោក សៅ ភិរុណ, លោក ខៀវ កូឡា និងលោក លាង ដឺលុច ដែលជាសមាជិកគណៈកម្មាធិការនាយកនៃក្លិបអ្នកកាសែត​កម្ពុជា សុទ្ធតែ​ជាម្ចាស់ ជាក្បាលម៉ាស៊ីនដឹកនាំស្ថាប័នព័ត៌មាន និងជាផលិតករព័ត៌មានជាន់ខ្ពស់ផងដែរ៕​

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close