ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ក្រិក​កាន់​តែ​ធ្លាក់​ដុនដាប

ប្រទេសក្រិកកំពុងបន្តផុងខ្លួនទៅ ក្នុងស្ថានភាពសេដ្ឋកិច្ចដើរថយក្រោយនៅក្នុងត្រីឆមាសទី២ ឆ្នំា២០១២ ជាមួយនឹង ការធ្លាក់ចុះនូវផលិតផលសរុបក្នុងស្រុកប្រមាណជា ៦,២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នំា ២០១១។ ឃើញថា សេចក្តីសង្ឃឹមថានឹងមានកំណើនសេដ្ឋកិច្ចឡើងវិញនាពេលឆាប់ៗខាងមុខ ហាក់ដូចជានៅឆ្ងាយនៅឡើយ។ ទន្ទឹមគ្នានេះ សហភាពអឺរ៉ុបដែលជាម្ចាស់ប្រាក់កម្ចីនៅតែបន្តដាក់គំនាបលើរដ្ឋាភិបាល ក្រិកឲ្យបន្តអនុវត្តនយោបាយ ត្បិតត្បៀតជាបន្តទៀត។

ជាថ្មីម្តងទៀត និងអស់រយៈពេល ២ត្រីមាសបន្តបន្ទាប់គ្នាដែលផលិតផលសរុបក្នុងស្រុកបានធ្លាក់ចុះ ក្នុងឆ្នំា ២០១២ នេះ។ សម្រាប់ត្រីមាសទី២ ផលិតផលសរុបក្នុងស្រុកបានធ្លាក់ចុះ៦,២% ក្រោយពីបានធ្លាក់ចុះអស់ ៦,៥% នៅក្នុងត្រី មាសទី១។ អស់រយៈពេល ៥ឆ្នំាមកហើយដែលក្រិកបានស្គាល់ស្ថានភាពសេដ្ឋកិច្ចដុនដាប ហើយផលិតផលសរុបក្នុង ស្រុកដែលបានធ្លាក់ចុះជិត ៧% កាលពីឆ្នំា ២០១១នោះ នឹងត្រូវធ្លាក់ចុះបន្ថែមប្រមាណជា ៤,៥% ទៀតនៅដំណាច់ឆ្នំា ២០១២ នេះ។ នៅពេលនេះ គេហាក់ដូចជាគ្មានជំនឿទៀតឡើយ ថាប្រទេសក្រិកនឹងអាចទទួលបាន កំណើនសេដ្ឋកិច្ច ជាថ្មីនៅមុនឆ្នំា ២០១៤ នោះ។ ម្យ៉ាងទៀត ជាមួយនឹងអត្រាអ្នកអត់ការងារធ្វើកើនជាង ២៣% នៃប្រជាជនសកម្ម និង វិធានការសន្សំសំចៃថវិការបស់រដ្ឋាភិបាលនោះ ការចាយវាយរបស់ប្រជាជនក្នុងស្រុកអាចនឹងលែងជាក្បាលម៉ាស៊ីន ជួយអូស ទាញសេដ្ឋកិច្ចទៀតឡើយ។

ទន្ទឹមគ្នានេះ និងក្នុងពេលដែលប្រទេសក្រិកកំពុងត្រដរខ្យល់ ម្ចាស់ប្រាក់បំណុលរបស់ក្រិក អង្គការមូលនិធិរូបិយវ្ថុអន្តរ ជាតិ សហភាពអឺរ៉ុប និងធនាគារកណ្តាលអឺរ៉ុបនៅតែទាមទាររដ្ឋាភិបាលក្រិកឲ្យបន្តកាត់ បន្ថយការចាយវាយចំនួន ១ ១៥០លានអឺរ៉ុបបន្ថែមទៀតសម្រាប់ចន្លោះឆ្នំា ២០១៣ និង ២០១៤ ព្រោះថា នេះជាលក្ខខណ្ឌតែមួយគត់ដែលនឹង អនុញ្ញាត ឲ្យក្រិកបន្តទទួលជំនួយ។ ដូច្នេះដើម្បីអាចគោរពលក្ខខណ្ឌនេះបាន រដ្ឋាភិបាលក្រិកចំាបាច់ត្រូវតែបញ្ចុះប្រាក់ ខែរបស់បុគ្គលិករដ្ឋការ និងអ្នកចូលនិវត្តន៍។

យ៉ាងណាក៏ដោយ ចាប់ពីពេលនេះ ទៅទល់នឹងដំណាច់ខែសីហា លោកនាយករដ្ឋមន្រ្តីក្រិក Antonis Samaras នឹង ព្យាយាម ជំនះសមាជិកក្នុងតំបន់ចាយប្រាក់អឺរ៉ូ ពិសេសលោកស្រីនាយករដ្ឋមន្រ្តីអាល្លឺម៉ង់ Angela Merkel ដែលលោក Samaras ត្រូវជួបនៅថ្ងៃទី ២៤ សីហាខាងមុខ ឲ្យពន្យាលពេលបន្ថែមទៀតដើម្បីអនុញ្ញាតឲ្យក្រិកអាចបញ្ចប់ កំណែ ទម្រង់លើប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួនឡើងវិញ៕ ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close