បុរស​ម្នាក់​បើក​​រថយន្ត​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូ​ង​ផ្លូវ​បាក់​អស់​៦​ផ្ទាំង​

ភ្នំពេញ៖ នៅវេលាម៉ោ ១២:៣០ នាទី រំលងអាធ្រាតឆ្លងចូល ថ្ងៃទី១០ ខែធ្នូ រថយន្តកាមរីឆ្លាម ១ គ្រឿង បានបើកបោះពួយឡើងចំណោទក្នុងល្បឿនយ៉ាងលឿន ហើយដោយចាប់ហ្វាំងមិនទាន់ ក៏បានជ្រុលទៅបុករនាំងដែកពុះចែកទ្រូងផ្លូវ បាក់អស់ ៦ផ្ទាំង បណ្តាលឲ្យរថយន្តបែកធុងទឹកខ្ទេច ស្ថិតនៅចំណុចមុខហាងលក់ឧបករណ៍តន្ត្រី យីហោ YAMAHA  តាមបណ្តោយផ្លូវ១៨៩ កែងមហាវិថីសហពន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទូលគោក។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឺងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកាមរីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2L 3874 ជិះគ្នាបីនាក់ ដោយបុរសម្នាក់ បានបើកបររថយន្តនេះ តាមបណ្តោយផ្លូវ ១៨៩ ពីត្បូងទៅជើងយ៉ាងលឿន លុះបើកបរមកដល់ចំណុចកើតហេតុ ដោយជាន់ហ្វាំងមិនទាន់ ក៏ជ្រុលទៅបុករនាំងដែកបណ្តាលឲ្យបាក់ និងទ្រេតអស់ ៦ ផ្ទាំង តែម្តង។

ក្រោយពេលកើតហេតុ រថយន្តបង្កបានព្យាយាមបើករត់ទាំងរថយន្តបែកធុងទឹក ប៉ុន្តែត្រូវប៉ូលិសល្បាតប្រទះឃើញ ក៏តាមប្រមាញ់ចាប់បានប្រមាណ ១០០ ម៉ែត្រ ពីកន្លែងកើតហេតុ។ រថយន្តបង្ក ត្រវូបានប៉ូលិសយកទៅរក្សាទុកនៅសាលារាជធានី រង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close