ម៉ូស្គូ​ទាមទារ​ពី​ក្រុង​ឡុងដ៏ ឲ្យ​បំភ្លឺ​អំពី ”បញ្ជីខ្មៅ​នៃ​ពួក​មន្ត្រីរុស្ស៊ី”

ការទាមទារនេះ ធ្វើថ្ងៃចន្ទ ទី៣ កញ្ញានេះ ទៅកាន់ក្រសួងការបរទេសអង់គ្លេស ដោយអគ្គរដ្ឋទូតរុស្ស៊ីនៅក្រុងឡុងដ៏ លោក Alexandre Yakovenko បន្ទាប់ ពីម្សិលមិញ កាសែតអង់គ្លេស The Sunday Times បង្ហើបឲ្យដឹងថា ហាក់បី មានទៅហើយបញ្ជីឈ្មោះមន្ត្រីរុស្ស៊ីចំនួន៦០នាក់ដែលត្រូវហាមមិនឲ្យធ្វើ ដំណើរចូលប្រទេសអង់គ្លេស។

តាមកាសែត Sunday Times រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេស លោកស្រី Theresa May បានផ្ញើមកកាន់ស្ថានទូតអង់គ្លេសនៅម៉ូស្គូ គឺបញ្ជីឈ្មោះ ពលរដ្ឋរុស្ស៊ី ៦០នាក់ដែលហាមមិនឲ្យធ្វើដំណើរចូលរាជាណាចក្រអង់គ្លេសឡើយ មកពីគេទាំងនោះ ពាក់ព័ន្ធនឹងសំណុំរឿងមេធាវីជាតិរុស្ស៊ី គឺលោក Serguei Magnitsky។ តាមការអះអាងនៃកាសែតអង់គ្លេសនោះ ក្នុងបញ្ជីខ្មៅ គឺមាន អ្នកមុខ អ្នកការពួកមន្ត្រីនៃក្រសួងសន្តិសុខ បណ្តាចៅក្រមមន្ត្រីនានានៃ មហាអយ្យការុស្ស៊ី សរុបទៅចំនួន ៦០នាក់ដែលជាប់ឈ្មោះប្រឡាក់ក្នុង មរណ ភាពលោក Serguei Magnitsky កាលពីខែវិច្ឆិកា ឆ្នាំ ២០០៩ នៅក្នុង មន្ទីរឃុំ ឃាំងនៃពន្ធនាគារក្រុងម៉ូស្គូ។ ម៉្លោះហើយបានជាបញ្ជីនោះ មានឈ្មោះថា “ បញ្ជី Magnitsky “។

កាសែតក៏កត់សម្គាល់ដែរថា ព័ត៌មានក្បោះក្បាយស្តីអំពីឈ្មោះមន្ត្រីរុស្ស៊ី ទាំងនោះត្រូវបាន លាតត្រដាងក្នុងលិខិតរបស់លោករដ្ឋមន្ត្រីអង់គ្លេសខាង កិច្ចការ អន្តោប្រវេសន៍ Damyan Green ទាំងលំអិតថា បញ្ជីឈ្មោះ៦០នាក់ គឺតាក់តែងឡើង ដោយគណៈកម្មាធិការនៃរដ្ឋសភាអាមេរិក។ លោក Green គូសបញ្ជាក់ថា បញ្ជីឈ្មោះ៦០នាក់ “នឹងត្រូវលើកយកទៅអនុវត្តនៅពេល ស្ថាន ទូតពិនិត្យមើលពាក្យសុំ ទិដ្ឋាការរបស់មន្ត្រីរុស្ស៊ី ដើម្បីធ្វើដំណើរចូល ប្រទេសអង់គ្លេស។

គួររំលឹកថា លោក Serguei Magnitsky ដែលជាអ្នកច្បាប់ជាតិរុស្ស៊ី កាលគាត់នៅ រស់បានធ្វើការ ជាមេធាវីការពារផលប្រយោជន៍របស់មូលនិធិវិនិយោគអង់គ្លេស ឈ្មោះ Hermitage Capital ដែលបានដំណើរការនៅរុស្ស៊ី តាំងពីឆ្នាំ១៩៩៦ ប្រកបដោយវិនិយោគទុន ៣.៥០០លានដុល្លារ។ លោក Serguei Magnitsky ត្រូវបានអាជ្ញាធររុស្ស៊ីឃាត់ខ្លួននៅចុងឆ្នាំ ២០០៨ ក្រោមបទចោទប្រកាន់ថា ជួយមូលនិធិនេះឲ្យគេចមិនបង់ពន្ធ ក្នុងទឹកប្រាក់ជាង ១៣០លានដុល្លារ។ ប៉ុន្តែ ដោយសំអាងលើតឹកតាង គាត់ចោទពួកមន្ត្រីរុស្ស៊ីដែលពាក់ព័ន្ធនឹងបញ្ហានេះ ថា បានកេងបន្លំយកលុយអស់ ១៨០លានដុល្លារពីពន្ធដែលមូលនិធិនេះបានបង់ ទៅ ហើយ។ ១១ខែក្រោយមក ដោយស្ថិតក្នុងមន្ទីរឃុំឃាំង ក្នុងលក្ខណៈទ្រាំ មិនបាន ទាំងគ្មានការព្យាបាលសមស្រប គាត់ក៏បានដាច់ខ្យល់ស្លាប់ទៅ ក្នុងអាយុទើប៣៧ឆ្នាំសោះ។មរណភាពគាត់ត្រូវបស្ចិមប្រទេសបកស្រាយថា ជា ការបំបាត់ដាននៃទង្វើល្មើសច្បាប់ប្រព្រឹត្តដោយពួកមន្ត្រី រុស្ស៊ី ពាក់ព័ន្ធនឹងការ កេងបន្លំនោះ។

ក្រសួងការបរទេសរុស្ស៊ីធ្លាប់បានព្រមានថា តបនឹងរបស់ដែលហៅថា “ បញ្ជី Magnitsky “ ភាគីរុស្ស៊ីក៏មាន”បញ្ជីខ្មៅ” របស់ខ្លួនដែរ ដែលហាមមិនឲ្យអ្នក មុខ អ្នកការជាក់លាក់របស់អង់គ្លេស និងអាមេរិកធ្វើដំណើរចូលប្រទេសរុស្ស៊ីឡើយ ក្នុងករណីបើរដ្ឋាភិបាលបស្ចិមប្រទេសទាំងពីរនោះ ហ៊ានដាក់ទណ្ឌកម្ម ទល់នឹងមន្ត្រីជាក់លាក់របស់រុស្ស៊ី៕ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close