សារសម្លេងពិសេសរបស់សម្ដេចតេជោ ពាក់ព័ន្ធនឹងការបើកឲ្យដំណើរការសាលារៀនឡើងវិញ

សារព័ត៌មាន Cambodia News/

ថ្ងៃចេញផ្សាយៈ August 31, 2021

ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ តាមសារសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានណែនាំដល់រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឱ្យពិភាក្សាជាមួយ អភិបាលរាជធានីខេត្តទាំងអស់ ដើម្បីបើកសាលារៀនឡើងវិញ នៅទីតាំងដែលគ្មានការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅតាមទីជនបទ ក្នុងប្រទេសកម្ពុជា។

ការណែនាំនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន សង្កេតឃើញថា កន្លងមកជំងឺកូវីដ១៩ បានរីករាលដាលភាគច្រើននៅតាមទីក្រុង និងទីប្រជុំជន ឯតាមជនបទខេត្តខ្លះស្ទើរតែមិនមានករណីឆ្លងទៀតផង ប៉ុន្តែសាលារៀនទាំងនោះត្រូវបានបិទ ដែលនាំឱ្យប៉ះពាល់ដល់ការសិក្សារបស់ពួកគេ។

សម្តេចបានថ្លែងថា ពេលនេះប្រទេសកម្ពុជា បាន និងកំពុងចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ ពីអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ ដែលពេលនេះការចាក់ជូនកុមា និងយុវវ័យនេះ បានចំនួន១.៥លាននាក់រួចទៅហើយ ក្នុងចំណោម២លាននាក់ដែលគ្រោងទុក។

សម្តេចតេជោ បានបញ្ជាក់បន្ថែមថា ការបើកសាលានេះ មិនត្រូវធ្វើឡើងនៅទូទាំងស្រុកនោះទេ ត្រូវធ្វើនៅតាមឃុំ ដែលគ្មានជំងឺឆ្លង ដោយរក្សានូវវិធានការសុខាភិបាលចាំបាច់នានា ដើម្បីឲ្យកុមាររបស់យើងបានចូលរៀន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់សិស្សអាយុក្រោម១២ឆ្នាំ ដែលមិនបានចាក់វ៉ាក់សាំងក៏អាចចូលរៀនបានដែរ នៅសាលាដែលគ្មានការឆ្លង។ សម្តេចបានស្នើឱ្យមានការគិតគូរតាមរបៀបបត់បែន ហើយអនុវត្តតាមការជាក់ស្តែងនៅតាមខេត្តនីមួយៗ។

កន្លែងណាមានលទ្ធភាពបើក គឺបើក កន្លែងណាដែលមិនមានលទ្ធភាពបើកគឺឱ្យរៀនពីចម្ងាយ ហើយកន្លែងណាដែលអាចរៀនបែបចម្រុះ ក៏ត្រូវរៀនចម្រុះទាំងផ្ទាល់ និងអនឡាញ។ សម្តេចបានបញ្ជាក់ថា បន្ទាប់ពីពិក្សារួច ត្រូវធ្វើដំណើរមកកាន់សម្តេច ដើម្បីធ្វើសេចក្តីសម្រេចជាផ្លូវការផងដែរ៕

 

Related Articles

Back to top button
Close
Close