សៀវភៅថ្មីស្តីពីជីវិតលោក កឹម សុខា ត្រូវបានចេញផ្សាយ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០១ ធ្នូ ២០១៦)៖ សៀវ​ភៅថ្មីដែលរៀបរាប់ពីជីវិត និងការងារនយោបាយ​របស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និង​ព្រឹត្តិការណ៍នយោបាយប្រទាក់ក្រឡាគ្នាចុងក្រោយ ត្រូវ​បាន​អ្នក​សារ​ព័ត៌​មាន​ជើងចាស់មួយរូបចេញ​ផ្សាយ​នៅថ្ងៃទី២ធ្នូនេះ សម្រាប់មិត្តអ្នកអានរបស់លោក ដែលនិយមតាមដានព្រឹត្តិការណ៍នយោបាយជាប្រវត្តិ​សាស្រ្តនៅកម្ពុជា និងបរទេសពាក់ព័ន្ធ។
សៀវភៅ​ដែលមានចំណងជើងថា “កឹម សុខា – ជីវិតក្នុងនយោបាយព្យុះភ្លៀង – កម្សួលចុងក្រោយនៃបដិវត្តន៍​ពណ៌” ត្រូវបានលោក ឆាយ សុផល អ្នកសារព័ត៌មានជើងចាស់បានចងក្រង និងបោះពុម្ព ហើយ​ចេញផ្សាយនៅថ្ងៃរៀប​ចំពិធីព័រណ៍សៀវភៅកម្ពុជាឆ្នាំ២០១៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២-៤ ធ្នូ ឆ្នាំ២០១៦ នេះ នៅឯបណ្ណាល័យជាតិកម្ពុជា ។

លោក ឆាយ សុផល បាននិយាយថា “ខ្ញុំគិតថា សៀវភៅដែលមានកម្រាស់ជាង៣០០ទំព័រនេះ ពិតជាមានខ្លឹមសារមិនគ្រប់គ្រាន់ដូចការចង់បានរបស់អ្នកទាក់ទិននោះទេ ប៉ុន្តែយ៉ាងហោចណាស់ វាបាន​បង្ហាញ​ពី​ព្រឹត្តិ​ការណ៍សំខាន់ៗ​ដើម្បី​ជាការរម្លឹកដល់អ្នកពាក់ព័ន្ធទាំងឡាយនៅក្នុងប្រវត្តិសាស្រ្តកម្ពុជាកន្លងមក។ ប្រសិនបើខ្ញុំមិនចងក្រងទុកទេ នោះឯកសារជាច្រើននៅរាយប៉ាយ ឬក៏​ព្រឹត្តិ​ការណ៍​ខ្លះ​ត្រូវ​បាន​គេ​ភ្លេច​នៅ​ពេល​ក្រោយ”។

លោក សុផល បានបញ្ជាក់ថា ក្នុងនាមជាអ្នកសារព័ត៌មានអាជីព និងជាសាស្រ្តាចារ្យព័ត៌មានដែល​តាមដានព័ត៌មានប្រចាំថ្ងៃជាមួយសហការី គឺលោកបាន​ព្យាយាមកត់ត្រានូវអ្វីៗដែលទាក់​ទិននឹងលោក កឹម សុខា និងព្រឹត្តិ​ការណ៍​ប្រចាំថ្ងៃ ហើយថា “ក្នុងនាមជាអ្នកព័ត៌​មាន​​​អាជីព ខ្ញុំ​ព្យាយាមកត់ត្រានូវអ្វីដែលជាទីចាប់អារម្មណ៍​ ហើយខ្ញុំជឿថា កំណត់ត្រានេះគឺជា​ឯកសារជំនួយស្មារតីមួយសម្រាប់មិត្តអ្នកអាន អ្នក​នយោ​បាយ អ្នកបម្រើនយោបាយ អ្នកសិក្សាវិទ្យាសាស្រ្តនយោបាយ និងអ្នកស្រាវជ្រាវនយោបាយ ក៏ដូចជាអ្នកសារព័ត៌មានផងដែរ”។

លោកបន្តថា “ជាការពិត កំណត់ត្រានៅក្នុងសៀវភៅនេះ ខ្ញុំ​គ្រាន់តែចង់ប្រាប់មិត្តអ្នកអានទាំងនៅជំនាន់នេះ និងនៅជំនាន់ក្រោយៗឲ្យបានដឹងពីហេតុការណ៍កើត​ឡើងដែលពាក់ព័ន្ធគ្នាដូចសម្លកំពឹស ហើយ​ត្រូវ​ចាត់ទុកជាមេរៀននៃជីវិត ពិសេសនៅពេលខ្លួន​បាន​ក្លាយជា​បុគ្គលល្បីឈ្មោះ ជាអ្នកនយោបាយ ជាឥស្សរជនកំពូល ឬ​ជាអ្នកដឹកនាំប្រទេសជាដើម”។

សៀវភៅនេះមាន​នៅឯបណ្ណាគារធំៗ និង​តូបកាសែត នៅក្នុងរាជធានីភ្នំពេញ ពិសេសនៅបណ្ណាគារ Monument Book ទាំងក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និង​ក្នុងផ្សារទំនើបអ៊ីអ័ន។ សៀវភៅនេះក៏អាចរកបាននៅឯពិធីព័រណ៍សៀវភៅកម្ពុជាឆ្នាំ២០១៦ នៅឯបណ្ណាល័យជាតិកម្ពុជានាថ្ងៃទី២-៤ ធ្នូ ឆ្នាំ២០១៦ នេះដែរ។
គួរបញ្ជាក់ថា កន្លងមក លោក ឆាយ សុផល បានសរសេរសៀវភៅពីព្រះរាជជីវប្រវត្តិសង្ខេបរបស់ព្រះមហាក្សត្រខ្មែរចំនួន៨អង្គ ដែលក្នុងនោះមានទាំងសម្តេចឪ នរោត្តម សីហនុ និងព្រះមហាក្សត្រ ព្រះករុណា សម្តេច​ព្រះបរម​នាថ នរោត្តម សីហមុនី និងពី​ប្រវត្តិ​សង្ខេបនាយករដ្ឋមន្រ្តីខ្មែរចំនួន៣៦រូប ដោយរួមទាំងប្រវត្តិសង្ខេបរបស់លោក សម រង្ស៊ី ផងដែរ៕

%e2%80%8b%e1%9f%a1%e1%9f%a2

 

Related Articles

Back to top button
Close
Close